កូនខ្មែរ ត្រូវតែចាំ! ថ្ងៃនេះ ជាខួបទី៧ របស់សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​ដែលបាន​​សោយទិវង្គត​ និងជាថ្ងៃ​ដែល​កូនខ្មែរ​ ​សោកសៅ​បំផុត …

ភ្នំពេញ​៖​ ប្រិយមិត្តប្រហែលជាមិនភ្លេចទេ ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​វេលា​ម៉ោង​ ​១​:​២០នាទី​យប់​ ដែលជាថ្ងៃសម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​បាន​យាង​សោយទិវង្គត​ ហើយថ្ងៃស្អែកក៏ជាថ្ងៃខួបទី៧ ត្រូវនិងថ្ងៃ​ ទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៃ​ការ​សោយទិវង្គត​របស់​ព្រះអង្គ​ ​និង​ជា​ថ្ងៃ​ដែល​កូនខ្មែរ​ ​សោកសៅ​ ​និង​សោកសង្រេង​បំផុត​។​

​តាម​កម្មវិធី​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ពិធី​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ចាប់ផ្តើម​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១៩ ដោយ​ក្រសួងព្រះបរមរាជវាំង មុនគេ ហើយ​បញ្ចប់​នៅ​ម៉ោង ០៩ និង ៤៥​នាទី​។​​នៅ​ព្រះ​បរម​រូប​សម្តេចព្រះ នរោត្តម សីហនុ នៅលើ​សួនច្បារ ជិត​វិមានឯករាជ្យ នឹងមាន​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សរុប ៥៦​អង្គភាព ចូលរួម​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់ ៧​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

​សូម​បញ្ជាក់​ថា​ ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​បាន​យាង​សោយទិវង្គត​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដោយ​ព្រះ​ជរាពាធ​ ​ក្នុង​ជន្មាយុ​ ​៩០ព្រះវស្សា​។​ ​ព្រះ​សព​របស់​អតីត​ព្រះមហាក្សត្រ​ ​ត្រូវ​បាន​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ​នៅ​ថ្ងៃទី១៧​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​នៅ​វេលា​ម៉ោង៣រសៀល​។​​ការ​យាង​សោយទិវង្គត​របស់​ព្រះអង្គ​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ​បាន​បង្ហាញ​ក្ដី​វិយោគ​ស្រណោះ​ស្រណោក​ពន់ពេក​ក្រៃ​ ​ចំពោះ​ការបាត់បង់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​បាន​បន្សល់​នូវ​ស្នា​ព្រះ​ហស្ថ​ ​ដ៏​ច្រើន​សម្រាប់​ជាតិ​កម្ពុជា​។​ ​ស្នា​ព្រះ​ហស្ថ​ធំៗ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅតែ​ចងចាំ​ជាប់​មិន​អាច​បំភ្លេច​បាន​នោះ​ ​គឺ​ការ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ ​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការ​ទាមទារ​ ​និង​ដណ្តើម​សិទ្ធិ​សេរីភាព​ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​នឹម​អនាគម​បារាំង​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី៩​ ​វិច្ឆិកា​ ​ឆ្នាំ១៩៥៣​។​

​ក្រោម​ការដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​ ​នរោត្តម​ ​សីហនុ​ ​ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម​ ​កម្ពុជា​មានមុខមាត់​នៅ​លើឆាកអន្តរជាតិ​ ​ដោយសារ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​នគរ​ចាត់ទុកជា​មហា​វីរក្សត្រ​មួយ​អង្គ​ដែល​បាន​លះបង់​ព្រះ​កាយពល​ ​និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ​និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​រា​ស្ត្​របស់​ព្រះអង្គ​។​

​សមិទ្ធ​ផល​ធំៗ​របស់​ព្រះអង្គ​គឺជា​គំរូវីរភាព​ដ៏​អង់អាច​ក្លាហាន​ ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ ​និង​ស្នា​ព្រះ​ហស្ថ​ដឹកនាំ​កសាង​សង្គម​កម្ពុជា​ ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ឱ្យ​ល្បី​រន្ទឺ​នៅ​អាស៊ី​ ​និង​ការ​កសាង​នូវ​ភាព​ល្បីល្បាញ​ ​ដែល​ជា​ការ​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​ ​ដូច​ពាក្យសុភាសិត​ខ្មែរ​មួយ​ឃ្លា​ ​បាន​ពោល​ថា​ ​«​ទូក​ទៅ​ ​កំពង់​នៅ​»​ ​យ៉ាង​ដូច្នោះ​ដែរ​៕​

Be the first to comment

Leave a Reply

Your email address will not be published.


*